Sunday, March 15, 2020

បុរសជនជាតិ​អុីតាលី​មួយ​រូប បាន​បំពាក់​ខ្លួន​ជាមួយ​នឹង​ឌីស​ដ៏ធំមួយ ដើម្បី​រក្សា​ការពារ​ខ្លួន​ពី​វីរុស​ជម្ងឺ​កូរ៉ូណា

(បរទេស)៖ បុរសម្នាក់បានបង្ហាញខ្លួននៅតំបន់ផ្សារ Testtacio ជាមួយនឹងការបំពាក់ថាសដ៏ធំមួយនៅជុំវិញចង្កេះរបស់គាត់ ដើម្បីធានាថាគាត់បានរក្សារយៈចម្ងាយ ១ម៉ែត្រ ពីការឈរជិតមនុស្សនៅទីសាធារណជន ដោយពុំមាននរណាធ្លាប់ជួបប្រទះជាមួយនឹងវត្ថុធាតុបែបនេះឡើយ។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ពីថ្ងៃសៅរ៍កន្លងទៅ។

គាត់បានបង្កើតឧបករណ៍នេះឡើងមកក្នុងគោលបំណងសំខាន់ ដើម្បីរក្សាគម្លាតចម្ងាយសុវត្ថិភាពពីអ្នកដទៃ ក្នុងពេលធ្វើដំណើរចៀសវាងការរីករាលដាលឆ្លងជាមុន ដោយមូលហេតុប្រទេសរបស់លោកត្រូវបានចេញសេចក្ដីប្រកាសបិទទីក្រុងតាំងពីនៅថ្ងៃទី៦ ខែមីនាមកម៉្លេះ៕


Friday, March 13, 2020

អ្នកឆ្លង COVID-19 នៅអ៉ីរ៉ង់កើនដល់១១,៣៦៤នាក់ ក្នុងនោះ៥១៤នាក់ស្លាប់ និង៣,៤២៩នាក់ជាសះស្បើយ


(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់នាថ្ងៃសុក្រនេះ បានប្រកាសថា តួលេខអ្នកដែលឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់ បានកើនដល់១១,៣៦៤នាក់ហើយ គិតចាប់តាំងតែពីអ្នកឆ្លងដំបូង ត្រូវបានប្រកាសរកឃើញនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក គីអានូស្ស ចាហានភើ (Kianush Jahanpur) បានបញ្ជាក់ថា ករណីអ្នកឆ្លងថ្មីចំនួន ១,២៨៩នាក់ ដែលទើបតែត្រូវបានរកឃើញ រួមជាមួយករណីអ្នកស្លាប់ថ្មីចំនួន៨៥នាក់ បានធ្វើឲ្យតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ កើនដល់១១,៣៦៤នាក់ និងស្លាប់៥១៤នាក់។ ជាមួយគ្នានោះ អ្នកជំងឺសរុប៣,៥២៩នាក់ ក៏បានជាសះស្បើយ ផងដែរ។

គួរជម្រាបថា ជំងឺ COVID-19 បានឆ្លងរាលដាលដល់មន្រ្តីជាន់ខ្ពស់ អ្នកនយោបាយ អ្នកដឹកនាំខាងសាសនា និងសមាជិកកងកម្លាំង IRGC ជាច្រើនរូបនៅក្នុងប្រទេសអ៉ីរ៉ង់៕

ទីបំផុតកំពូលមហាសេដ្ឋីអាមេរិក Bill Gates លាឈប់ពីក្រុមប្រឹក្សាដឹកនាំក្រុមហ៊ុន Microsoft Corp ដើម្បីយកពេលធ្វើការងារមនុស្សធម៌

(វ៉ាស៊ីនតោន)៖ លោកប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ហើយក៏ជាអ្នកដែលបានធ្វើឲ្យក្រុមហ៊ុនមួយនេះ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយលើពិភពលោក បានប្រកាសលាឈប់ពី ក្រុមប្រឹក្សាភិបាលដឹកនាំក្រុមហ៊ុនមួយនេះហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីងាកទៅផ្តោតលើការងារសប្បុរសធម៌ ទាក់ទងនឹងការអប់រំសុខភាព និងការប្រែប្រួលអាកាសធាតុវិញម្តង។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ២០២០។

មហាសេដ្ឋីអាមេរិករូបនេះ និងភរិយារបស់លោក គឺលោកស្រី មីលីនដា (Melinda) កំពុងគ្រប់គ្រងមូលនិធិសប្បុរសធម៌ ដ៏ធំបំផុតមួយរបស់ពិភពលោក គឺមូលនិធិហ្គេតស៍ (Foundation Gates) ដែលមានប្រាក់តម្កល់រាប់ពាន់លានដុល្លារ។ កម្មវត្ថុចម្បងរបស់មូលនិធិនេះ គឺផ្តល់មូលនិធិជូនដល់កម្មវិធីសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា និងភាពក្រីក្រ។

កាលពីឆ្នាំ ២០០៨ លោក ប៊ីល ហ្គេតស៍ បានលាឈប់ពីតួនាទីជានាយកប្រតិបត្តិពេញម៉ោងរបស់ក្រុមហ៊ុន Microsoft ហើយនៅតែបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកក៏បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក សាត់យ៉ា ណាដេឡា (Satya Nadella) ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនយក្សមួយនេះ បានមានប្រសាសន៍ថា «វាជាកិត្តិយសធំធេងណាស់ ដែលបានធ្វើការជាមួយ និងរៀនសូត្រពីលោក ប៊ីល ហ្គេតស៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។ ជាមួយគ្នានេះខាងក្រុមហ៊ុន Microsoft ក៏បានរាយការណ៍ឲ្យដឹងថា ជាមួយនឹងការចាកចេញរបស់លោក ប៊ីល ហ្គេតស៍ ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន ឥឡូវនេះវានឹងសល់សមាជិកតែ ១២ រូបប៉ុណ្ណោះ។

គួរជម្រាបថា ក្រៅពីលាឈប់ពីពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Microsoft ដែលជាជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយលើពិភពលោក លោក ប៊ីល ហ្គេតស៍ ក៏បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ប៊ឺកសាយអឺ ហត្ថាវេយ៍ (Berkshire Hathaway Inc) ដែលលោកបានបម្រើការងារតាំងពីឆ្នាំ ២០០៤ មកម៉្លេះនោះផងដែរ៕

Thursday, March 12, 2020

អ្នកនាំពាក្យចិន៖ «យោធាអាមេរិកប្រហែលជាអ្នកដែលបាននាំ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ចិន» (Video inside)

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា យោធាសហរដ្ឋអាមេរិកទំនងជាអ្នកដែលបាននាំវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ប្រទេសចិន ជាទីដែលបានទទួលរងការវាយប្រហារដំបូង និងខ្លាំងជាងគេបំផុតនៃវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចៅ លីចៀន (Zhao Lijian) បានលើកឡើងថា ប្រទេសអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះការចោទប្រកាន់របស់មន្ត្រីអាមេរិកដែលថា ខ្លួនមានភាពយឺតយ៉ាវក្នុងការឆ្លើយតបនឹងវីរុស ដែលត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩កន្លងទៅ និងពុំមានតម្លាភាពគ្រប់គ្រាន់ក្នុងរឿងនេះ។

កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត ប្រ៊ីយែន (Robert O’Brien) បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិន ចំពោះការផ្ទុះឡើងនៃវីរុស COVID-19 គឺមានភាពយឺតយ៉ាវដែលនាំឲ្យពិភពលោកខាតបង់ពេលពីរខែ សម្រាប់ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហានេះ។

ជាការឆ្លើយតប លោក Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានសរសេរលើទំព័រ Twitter របស់លោក ដោយបានសួរបកទៅកាន់សហរដ្ឋអាមេរិកត្រង់ៗវិញយ៉ាងដូច្នេះថា «តើអ្នកជំងឺសូន្យចាប់ផ្តើមនៅអាមេរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងរោគ? តើមន្ទីរពេទ្យដែលពួកគេ សម្រាកព្យាបាលមានឈ្មោះអ្វីខ្លះ? វាអាចជាកងទ័ពអាមេរិក ដែលជាអ្នកនាំវីរុសនេះមកកាន់ទីក្រុងវូហានក៏ថាបាន។ ចូរនិយាយឲ្យមានតម្លាភាព! ចូរផ្សព្វផ្សាយទិន្នន័យរបស់អ្នកជាសាធារណៈ! អាមេរិក គឺមិនទាន់ពន្យល់យើងអំពីរឿងនេះទេ»។

ទោះយ៉ាងណា លោក Zhao ដែលជាអ្នកចូលចិត្តប្រើបណ្តាញសង្គម Twitter មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការលើកឡើងរបស់លោកដែលថា យោធាអាមេរិកអាចនឹងត្រូវស្តីបន្ទោសចំពោះការផ្ទុះឡើងនៃវីរុស ក្នុងប្រទេសចិននោះទេ។ ជាមួយគ្នានេះ លោក ហ្គែង ហ្ស័ង (Geng Shuang) ដែលជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសចិន និងជាអ្នកនាំពាក្យផងដែរនោះ ក៏បានរិះគន់សហរដ្ឋអាមេរិកដែរថា «អសីលធម៌ និងគ្មានការទទួលខុសត្រូវ» ដែលបានស្តីបន្ទោសចិនចំពោះរឿងនេះ ហើយលោកក៏បានអំពាវនាវឲ្យមន្រ្តីអាមេរិកមួយចំនួន ដែលរវល់តែស្តីបន្ទោសចិន ឲ្យផ្តោតការយកចិត្តទុកដាក់ និងថាមពលរបស់ពួកគេ ទៅលើដំណោះស្រាយឆ្លងតបនឹងវីរុសនេះជាការល្អជាង៕

បុរសខ្លាំងហ្វីលីពីនប្រកាស «បិទរដ្ឋធានីម៉ានីលដែលមានប្រជាជន១២លាននាក់់» និងវិធានការផ្សេងទៀតដើម្បីទប់ស្កាត់ COVID-19

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសដាក់ចេញនូវផែនការមួយចំនួនក្នុងនោះរួមមានទាំង ការបិទរដ្ឋធានីម៉ានីល ដែលមានប្រជាជនរស់នៅ ១២លាននាក់ផងដែរ ជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីនតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឌូតើតេ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការបិទរដ្ឋធានី ហើយវាគ្រាន់តែជាវិធានាការបង្ការ និងការពារអ្នកទាំងអស់គ្នាពី COVID-19 ប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោក ឌូតើតេ ក៏បានប្រកាសដែរថា សាលារៀននឹងត្រូវបិទទ្វាររយៈពេលមួយខែ ហាមការប្រមូលផ្ដុំគ្នា រីឯជនបរទេសដែលមកពីតំបន់ ឬប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរក៏ត្រូវបានហាម ចូលមកក្នុងប្រទេសហ្វីលីពីនផងដែរ។

យ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការថា តើវិធានការខាងលើនឹងត្រូវចូលជាធរមាន នៅពេលណានោះទេ ប៉ុន្តែលោក ឌូតើតេ បានអះអាងថា ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោកនៅក្រៅទីក្រុងម៉ានីល នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បច្ចុប្បន្ន ហ្វីលីពីនមានចំនួនអ្នកឆ្លង COVID-19 សរុប៥២ករណី ក្នុងនោះអ្នកជំងឺ ០៥នាក់ស្លាប់៕

Man Utd យកឈ្នះក្រុម LASK ៥-០ ក្នុងពាន Europa League ជើងទី១ នៃវគ្គ ១៦ក្រុម (Video inside)

(អូទ្រីស)៖ ក្រុមអង់គ្លេស Manchester United បានបំបាក់ក្រុមម្ចាស់ផ្ទះអូទ្រីស LASK ក្នុងលទ្ធផល ៥-០ នៃការប្រកួតពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ក្នុងវគ្គ ១៦ក្រុម ជើងទី១ ដែលមានអ្នកទស្សនាប្រមាណតែ ៥០០នាក់ គ្រាដែលក្រុម Wolves បានត្រឹមស្មើ ១-១ ជាមួយក្រុម Olympiakos របស់ក្រិកដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ក្នុងជ័យជម្នះ ៥-០ របស់ក្រុមលោក Ole ធ្វើបានសម្រេចដោយខ្សែបម្រើចំណូលថ្មី Ighalo នៅនាទី២៨ ហើយក្នុងនោះមាន James រកបាននៅនាទី៥៨ រួមជាមួយខ្សែបម្រើ Juan Mata បន្ថែមនៅនាទី៨២ និង Greenwood រួមទាំងមិត្តរួមក្រុម Pereira រកបាននៅនាទី៩០+១ និងនាទី ៩០+៣ ដែលការប្រកួតមានត្រឹមតែ ៥០០នាក់ប៉ុណ្ណោះដែលចូលរូមទស្សនាក្នុងកីឡដ្ឋាន Linzer Stadion នៅប្រទេសអូទ្រីស។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Man Utd មានគ្រាប់បាល់ចំណេញក្រៅដីដល់ទៅ ៥គ្រាប់ក្នុងជើងទី១ ខណៈការប្រកួតជើងទី២ នៅទឹកដីអង់គ្លេសនៃកីឡដ្ឋាន Old Trafford នឹងធ្វើឡើងនាថ្ងៃទី២០ ខែមីនា សប្តាហ៍ក្រោយនេះ ហើយក្នុងនោះខ្សែបម្រើ Ighalo បាននឹងកំពុងតែរកបាន ៤គ្រាប់ ក្នុងចំណោម ៨ប្រកួតជាមួយក្លិបបិសាចក្រហម៕

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិលមកវិញ ដោយបង្ហាញខ្លួនតាមរយៈការប្រគំតន្រ្តី Cambodia Brew the Beat

(ភ្នំពេញ)៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលត្រៀមបង្ហាញខ្លួនលើឆាកតន្រ្តីស្រាបៀរ កម្ពុជា Cambodia Brew the Beat នៅលើទឹកដីខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះ ធានាថា នឹងធ្វើឱ្យហ្វេនៗជាច្រើនរំភើបសប្បាយរីករាយជាក់ជាមិនខានឡើយ ក្រោយអវត្តមានជាច្រើនខែកន្លងមក។

ក្រៅពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានវត្តមានតារាចម្រៀងជាអាយដលជាដៃគូ គឺ ឆន សុវណ្ណារាជ ដែលនឹងចូលរួមមកបង្រួនឆាកតន្រ្តី អមដោយកំពូលតារាល្បីៗជាច្រើនដួងទៀត ដូចជា សួស វីហ្សា នី រតនា ចំរើន សុភក្រ័ ប៉ាច គីមមួយ ឈិន ម៉ានិច្ច វង្ស តារារតនា កែវ សុបញ្ញា គង់ ចំរើន និងគឿ នភាល័យ ផងដែរ។

ដើម្បីធ្វើឱ្យការសម្តែងកាន់តែមានភាពអធិកអធម តំណាងក្រុមហ៊ុន ស្រាបៀរ កម្ពុជា សូមអញ្ជើញអ្នកខេត្តពោធិ៍សាត់ទាំងអស់ ចូលរួមទស្សនាផ្តល់ជាកម្លាំងចិត្ត ស្រែកហ៊ោ និងរាំលេងកម្សាន្តនៅទីតាំងប្រគំតន្រ្តីនៅពហុកីឡដ្ឋានខេត្ត ពីថ្ងៃទី១៣ដល់១៤ ខែមីនានេះ ចាប់ពីម៉ោង៦ល្ងាចតទៅ។

ទស្សនិកជននៅតាមគេហដ្ឋានក៏អាចទស្សនាកម្សាន្តតាមកញ្ចក់ទូរទស្សន៍ហង្សមាសបានដែរ ចាប់ពីម៉ោង៨យប់តទៅ៕

ជំនួបធំ Man City ប៉ះ Real ជើងទី២ នៃពានអឺរ៉ុប UCL ត្រូវពន្យារពេល ដោយសារ COVID-19 (Video inside)

(មេនឆេស្ទើ)៖ ការប្រកួតវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League 2019-2020 ដែលជាការជួបគ្នារវាងក្រុមអង់គ្លេស Manchester city ប៉ះក្រុមអេស្ប៉ាញ Real Madrid នាសប្តាហ៍ក្រោយនៅកីឡដ្ឋាន Etihad ត្រូវបានពន្យារពេលការប្រកួតដោយសារបញ្ហាវីរុស COVID-19។

តាមរយៈការចេញផ្សាយដោយ BBC បានឲ្យដឹងថា ការពន្យារពេលប្រកួតដ៏ធំនេះ ត្រូវបានធ្វើឡើង ក្រោយពេល សមាជិក្រុមគ្រួសាររបស់កីឡាករខ្សែការពារ Benjamin Mendy រកឃើញមានផ្ទុក Covid-19 និងបង្ខំដាក់រូបគេឲ្យ នៅដាច់ដោយឡែកពីគេផងនោះ។

Manchester City បានយកឈ្នះ Real Madrid ២-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញនៅពីមុខទស្សនាផ្ទាល់ ក្នុងកីឡដ្ឋាន Santiago Bernabeu ជិត ១០ម៉ឺននាក់។

ដូចគ្នានោះដែរ ជំនួបជើងទី២ រវាងក្រុមសេះបង្កង់ Juventus និង Lyon នៅ UCL ក៏សម្រេចផ្អាកការប្រកួតបណ្តោះអាសន្នផងដែរ ដោយសារតែខ្សែការពារ Daniele Rugani របស់ Juventus ធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 នាពេលថ្មីៗនេះ។

ថ្មីៗនេះដែរអ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta និងខ្សែប្រយុទ្ធវ័យក្មេង Hudson-Odoi ដែលជាសមាជិកនៃក្រុមតោខៀវ Chelsea ក៏ត្រូវបានធ្វើតេស្តវិជ្ជមានលើវីរុស COVID-19។ សេចក្តីប្រកាស១ដែលចេញដោយក្លិប Real Madrid កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មានកីឡាករបាល់បោះម្នាក់ចេញពីក្រុមធំ បានធ្វើតេស្តវិជ្ជមានលើ COVID-19៕



កាន់តែអស្ចារ្យ! មិត្តហ្វូនដាក់ដំណើរការជាផ្លូវការ នូវកញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មីដល់អតិថិជន

(ភ្នំពេញ)៖ ដោយមើលឃើញពីតំរូវការ ចាំបាច់របស់អតិថិជន និងដើម្បីជាភាពងាយស្រួលសន្សំសំចៃ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសម្រេចដាក់ ដំណើរការជាផ្លូវការ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួល យកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះ ដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូន ដោយគ្រាន់តែភ្ជាប់មក ជាមួយនូវលេខគណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ។

កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេស ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន 5 លេខ, ថែមជូនការខលទូរស័ព្ទរកគ្នា ដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ចំនួន5ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ ។

បន្ថែមពីលើនេះអតិថិជន ទទួលបាន DATA ទូរស័ព្ទដៃរហូតដល់ 10GB ជារៀងរាល់ខែ, ទស្សនាកម្មវិធីទូរទស្សន៍ គ្មានដែនកំណត់តាមរយះ App MobileTV របស់មិត្តហ្វូន នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយបន្ថែមត្រឹមតែ ៣ដុល្លារជារៀងរាល់ខែតែប៉ុណ្ណោះ ។

លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវា អ៊ីនធឺណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា សេវាបន្ថែម Bundle SIM នេះពិតជាអាចឆ្លើយតបនូវ តំរូវការចាំបាច់ជូនអតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនជាក់ជាមិនខាន ព្រោះថា កាលពីមុនអតិថិជន ចំណាយទឹកប្រាក់ប្រើប្រាស់សេវា Internet Wi-Fi នៅពេលដែលពួកគាត់នៅផ្ទះ ឬស្ថិតនៅក្នុងបរិវេណដែល អតិថិជនបានចុះឈ្មោះភ្ជាប់សេវា Internet Wi-Fi តែប៉ុណ្ណោះ។

តែពេលនេះ នៅពេលដែលអតិថិជនអញ្ជើញទៅផ្សារ កន្លែងធ្វើការងារ ឬទៅតាមបណ្តាខេត្តនានា អតិថិជនអាចបន្តការប្រើប្រាស់ សេវាអ៊ីនធឺណិតទូរស័ព្ទដៃតាមរយៈ DATA ដែលក្រុមហ៊ុនផ្តល់ជូនបន្ថែម 4GB ជារៀងរាល់ខែ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមជូនអតិថិជននូវ ស៊ីមកាតមិត្តហ្វូនចំនួន 5 លេខ សម្រាប់ខលរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ខែ ថែមទៀតផង។ ទាំងនេះ គឺជាអត្ថប្រយោជន៍ ដែលអាចសន្សំសំចៃការចំណាយ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៕

ចិនអះអាងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញមានអ្នកឆ្លង COVID-19 ចំនួន២០នាក់ និងស្លាប់៧នាក់ ខណៈអ្នកជាសះស្បើយវិញមាន១,៣១៨នាក់

(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិន ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញមកហើយ ដោយមានចំនួនរហូតដល់ ១,៣១៨នាក់បន្ថែមទៀត នៅទូទាំងចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ គណៈកម្មការខាងលើក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨១៣នាក់នៅទូទាំងចិនដីគោក មានសរុប ៦៤,១១១នាក់ហើយបានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប ៣,១៧៦នាក់ស្លាប់។ តាមរយៈតួលេខនេះយើងអាចគណនាបានថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមាន ករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន ២០នាក់ និងអ្នកជំងឺដែលបានស្លាប់ ០៧នាក់។

ជាការកត់សម្គាល់អត្រាអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសចិន ហាក់ដូចជាមានការថមថយច្រើនខ្លាំង នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ៕

កម្មវិធីប្រកួតសន្សំពិន្ទុ​ពានរង្វាន់​​លីគកំពូល​កម្ពុជា សប្តាហ៍​ទី៥ ជើងទី១

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី៥ ចុងសប្តាហ៍នេះ ពោលគឺនៅថ្ងៃទី១៤-១៥ ខែមីនា ដោយមាន ១៣ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ រួមមាន៖ - អាស៊ីអឺរ៉ុប យូណាយធីត Vs យុវជនបាទី U18
- ព្រះខ័នរាជស្វាយរៀង Vs អគ្គិសនីគម្ពុជា។ 

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ រួមមាន៖ - សូលទីឡូអង្គរ Vs នគរបាលជាតិ
- គិរីវង់សុខសែនជ័យ Vs ណាហ្គាវើល
- អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន
- វិសាខា Vs កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ផងដែថា ការប្រកួតប្រចាំសប្តាហ៍ទី៥នេះ មានគូពិសេសរវាងវិសាខា ដែលឈរបាននៅចំណាត់ថ្នាក់លេខ៣ និងមាន ៩ពិន្ទុ បើកទ្វារស្វាគមន៍ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន៥ពិន្ទុនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា នាកីឡដ្ឋានព្រីនស៍ វេលាម៉ោង ១៨៖០០នាទីល្ងាច៕

BREAKING NEWS: កម្ពុជាសម្រេចមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19

(ភ្នំពេញ)៖ កម្ពុជាបានសម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវានោះ។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។

ការសម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជានេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីមាននាវា Viking Cruise Journey មួយគ្រឿង បានចូលចត នៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្លង COVID-19 ខណៈមនុស្សផ្សេងទៀតនៅលើនាវាដែលរួមដំណើរជាមួយកំពុងដាក់ឲ្យនៅដាច់ ដោយឡែកពីគេក្នុងសណ្ឋាគារមួយ នៃក្រុងកំពង់ចាម។

សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖

*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) *ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប *ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម *ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម *ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕


លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗម្តងទៀត៖ «ខ្ញុំមិនបារម្ភ ហើយក៏មិនខ្លាចឆ្លងវីរុសកូរ៉ូណានោះដែរ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនបារម្ភហើយក៏មិនខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នោះដែរ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ដែលធ្លាប់បានជួប និងឈរថតរូបនៅក្បែររូបលោក ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកជំងឺនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

 សារព័ត៌មានក្នុងប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា លទ្ធផលធ្វើតេស្តពិនិត្យរកមើល COVID-19 លើមន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលបានចូលរួមកិច្ចប្រជុំផ្លូវការមួយ ព្រមទាំងឈរថតរូបជាប់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរីសតរបស់លោក ត្រាំ ក្នុងរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានបង្ហាញថា «វិជ្ជមាន»។ 

បើតាមសារព័ត៌មានប្រេស៊ីល ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) គឺជាមន្ត្រីលេខាធិការ ទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Florida និងទទួលទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរីសត ម៉ាអាឡាហ្គោ (Mar-A-Lago)។

គួរជម្រាបថា តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម Instagram លោក Wajngarten បានឈរថតរូបដោយស្ថិតនៅជាប់នឹង លោក ដូណាល់ ត្រាំ តែម្តង ហើយអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរ លោក ដូណាល់ ត្រាំ ដូចគ្នា។ យោងតាមប្រភពពីសារព័ត៌មាន ខាងលើដដែល ពេលនេះកំពុងមានធ្វើតេស្តជាលើកទីពីរលើលោក Wajngarten ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។

យ៉ាងណាក៏ដោយ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៊ែរឡង់ លោក Leo Varadkar នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីថាលោកមិនមានការព្រួយបារម្ភអ្វីនោះទេ ខណៈសេតវិមានផ្ទាល់នៅតែទទូចដដែលថា លោកប្រធានាធិបតីអាមេរិក មិនចាំចាប់ទទួលការធ្វើតេស្ដរក COVID-19 នោះទេ។

 នៅមុននេះបន្តិច សារព័ត៌មានប្រេស៊ីលបានរាយការណ៍ថា ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) កំពុងស្ថិតនៅក្រោមការតាមដាន និងត្រូវបានធ្វើតេស្ដរកជំងឺ COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជិះយន្ដហោះ ទៅជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដល់ទឹកដីអាមេរិក និងក្រោយមន្ត្រីជំនិតលោកម្នាក់ ត្រូវបានធ្វើគេរាយការណ៍ថា បានឆ្លង COVID-19៕
 

ជីវិត & សង្គមចាប់ពីថ្ងៃនេះទៅ អ្នកលក់តាម Online ត្រូវមកចុះបញ្ជីពន្ធដារ បើមិនដូចច្នោះត្រូវប្រឈមមុខផ្លូវច្បាប់

ជីវិត & សង្គមចាប់ពីថ្ងៃនេះទៅ អ្នកលក់តាម Online ត្រូវមកចុះបញ្ជីពន្ធដារ បើមិនដូចច្នោះត្រូវប្រឈមមុខផ្លូវច្បាប់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់យ៉ាងលម្អិត ដល់សារធារណជនឲ្យកាន់តែច្បាស់បន្ថែមអំពី ការបង់ពន្ធលើការរកស៊ី ក្នុងប្រព័ន្ធអនឡាញ (E-Commerce)។ 

ថ្លែងក្នុងកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ តាមរយៈការ Live តាម Facebook ពន្ធដារ លោក គង់ វិបុល បានឲ្យដឹងថា នៅក្នុងសម័យអនឡាញ ជាបញ្ហាដ៏ស្មោគស្មាញរបស់រដ្ឋបាលសារពើពន្ធទាំងកម្ពុជា ទាំងអន្ដរជាតិ។ អ្នកលក់អនឡាញ នៅក្នុងប្រទេសកម្ពុជា តាមច្បាប់សារពើពន្ធ គឺត្រូវមានកតព្វកិច្ចចុះបញ្ជីពន្ធដារ។

លោកបានបន្ដថា «រាល់សកម្មភាពសេដ្ឋកិច្ចកើតឡើង១៥ថ្ងៃ ត្រូវមកចុះបញ្ជី តាមមាត្រា១០១នៃច្បាប់សារពើពន្ធ ហើយប្រសិនបើចំណូលនោះ ត្រូវបានលើកលែង ក្រោម២៥០លានរៀល មិនត្រូវបានជាប់ពន្ធទេ ប្រសិនបើ២៥០ដល់៧០០លានរៀលត្រូវជាប់ពន្ធ ប៉ុន្ដែជាអ្នកជាប់ពន្ធតូច ហើយចន្លោះពី៧០០លានរៀល ដល់៤០០០លានរៀល ត្រូវជាប់ពន្ធមធ្យម ហើយចាប់ពី៤០០០លានរៀលឡើងទៅ គឺជាអ្នកជាប់ពន្ធធំ តាមច្បាប់សារពើពន្ធ គឺត្រូវជាប់ពន្ធ និងត្រូវទៅប្រកាសបង់ពន្ធ»។ លោក គង់ វិបុល បានបន្ថែមថា «ខ្ញុំសង្កេតឃើញថា អ្នកលក់អនឡាញមួយចំនួន ពិសេសអ្នកលក់ឡេ ប្រហែលជាមិនបានបំពេញកត្វកិច្ចនោះទេ ហើយអ្នកទាំងនោះកំពុងតែ ធ្វើអាជីវកម្មដែលមានប្រាក់ចំណូល ប៉ុន្ដែមិនបានចុះបញ្ជីបង់ពន្ធដារ។

ហេតុដូច្នេះខ្ញុំសូមអំពាវនាវយ៉ាងទទូចថា រាល់ការលក់ដូរត្រូវគោរពច្បាប់ពន្ធដារ រាល់អាជីវកម្មសេដ្ឋកិច្ចទាំងឡាយណា មានរយៈពេល១៥ថ្ងៃត្រូវតែមកចុះបញ្ជី»។

លោក គង់ វិបុល បានបន្តថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំជាមួយក្រសួងសេដ្ឋកិច្ច នូវការគ្រប់គ្រង់នៃ E-Commerce ខណៈច្បាប់ E-Commerce ត្រូវបានអនុម័តរួចរាល់ផងដែរ៕

  ប្រភព៖ freshnews

បុរសជនជាតិ​អុីតាលី​មួយ​រូប បាន​បំពាក់​ខ្លួន​ជាមួយ​នឹង​ឌីស​ដ៏ធំមួយ ដើម្បី​រក្សា​ការពារ​ខ្លួន​ពី​វីរុស​ជម្ងឺ​កូរ៉ូណា

(បរទេស)៖ បុរសម្នាក់បានបង្ហាញខ្លួននៅតំបន់ផ្សារ Testtacio ជាមួយនឹងការបំពាក់ថាសដ៏ធំមួយនៅជុំវិញចង្កេះរបស់គាត់ ដើម្បីធានាថាគាត់បានរក្សារយៈចម្ងាយ ...