Sunday, March 15, 2020

បុរសជនជាតិ​អុីតាលី​មួយ​រូប បាន​បំពាក់​ខ្លួន​ជាមួយ​នឹង​ឌីស​ដ៏ធំមួយ ដើម្បី​រក្សា​ការពារ​ខ្លួន​ពី​វីរុស​ជម្ងឺ​កូរ៉ូណា

(បរទេស)៖ បុរសម្នាក់បានបង្ហាញខ្លួននៅតំបន់ផ្សារ Testtacio ជាមួយនឹងការបំពាក់ថាសដ៏ធំមួយនៅជុំវិញចង្កេះរបស់គាត់ ដើម្បីធានាថាគាត់បានរក្សារយៈចម្ងាយ ១ម៉ែត្រ ពីការឈរជិតមនុស្សនៅទីសាធារណជន ដោយពុំមាននរណាធ្លាប់ជួបប្រទះជាមួយនឹងវត្ថុធាតុបែបនេះឡើយ។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ពីថ្ងៃសៅរ៍កន្លងទៅ។

គាត់បានបង្កើតឧបករណ៍នេះឡើងមកក្នុងគោលបំណងសំខាន់ ដើម្បីរក្សាគម្លាតចម្ងាយសុវត្ថិភាពពីអ្នកដទៃ ក្នុងពេលធ្វើដំណើរចៀសវាងការរីករាលដាលឆ្លងជាមុន ដោយមូលហេតុប្រទេសរបស់លោកត្រូវបានចេញសេចក្ដីប្រកាសបិទទីក្រុងតាំងពីនៅថ្ងៃទី៦ ខែមីនាមកម៉្លេះ៕


Friday, March 13, 2020

អ្នកឆ្លង COVID-19 នៅអ៉ីរ៉ង់កើនដល់១១,៣៦៤នាក់ ក្នុងនោះ៥១៤នាក់ស្លាប់ និង៣,៤២៩នាក់ជាសះស្បើយ


(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់នាថ្ងៃសុក្រនេះ បានប្រកាសថា តួលេខអ្នកដែលឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់ បានកើនដល់១១,៣៦៤នាក់ហើយ គិតចាប់តាំងតែពីអ្នកឆ្លងដំបូង ត្រូវបានប្រកាសរកឃើញនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក គីអានូស្ស ចាហានភើ (Kianush Jahanpur) បានបញ្ជាក់ថា ករណីអ្នកឆ្លងថ្មីចំនួន ១,២៨៩នាក់ ដែលទើបតែត្រូវបានរកឃើញ រួមជាមួយករណីអ្នកស្លាប់ថ្មីចំនួន៨៥នាក់ បានធ្វើឲ្យតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ កើនដល់១១,៣៦៤នាក់ និងស្លាប់៥១៤នាក់។ ជាមួយគ្នានោះ អ្នកជំងឺសរុប៣,៥២៩នាក់ ក៏បានជាសះស្បើយ ផងដែរ។

គួរជម្រាបថា ជំងឺ COVID-19 បានឆ្លងរាលដាលដល់មន្រ្តីជាន់ខ្ពស់ អ្នកនយោបាយ អ្នកដឹកនាំខាងសាសនា និងសមាជិកកងកម្លាំង IRGC ជាច្រើនរូបនៅក្នុងប្រទេសអ៉ីរ៉ង់៕

ទីបំផុតកំពូលមហាសេដ្ឋីអាមេរិក Bill Gates លាឈប់ពីក្រុមប្រឹក្សាដឹកនាំក្រុមហ៊ុន Microsoft Corp ដើម្បីយកពេលធ្វើការងារមនុស្សធម៌

(វ៉ាស៊ីនតោន)៖ លោកប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ហើយក៏ជាអ្នកដែលបានធ្វើឲ្យក្រុមហ៊ុនមួយនេះ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយលើពិភពលោក បានប្រកាសលាឈប់ពី ក្រុមប្រឹក្សាភិបាលដឹកនាំក្រុមហ៊ុនមួយនេះហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីងាកទៅផ្តោតលើការងារសប្បុរសធម៌ ទាក់ទងនឹងការអប់រំសុខភាព និងការប្រែប្រួលអាកាសធាតុវិញម្តង។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ២០២០។

មហាសេដ្ឋីអាមេរិករូបនេះ និងភរិយារបស់លោក គឺលោកស្រី មីលីនដា (Melinda) កំពុងគ្រប់គ្រងមូលនិធិសប្បុរសធម៌ ដ៏ធំបំផុតមួយរបស់ពិភពលោក គឺមូលនិធិហ្គេតស៍ (Foundation Gates) ដែលមានប្រាក់តម្កល់រាប់ពាន់លានដុល្លារ។ កម្មវត្ថុចម្បងរបស់មូលនិធិនេះ គឺផ្តល់មូលនិធិជូនដល់កម្មវិធីសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា និងភាពក្រីក្រ។

កាលពីឆ្នាំ ២០០៨ លោក ប៊ីល ហ្គេតស៍ បានលាឈប់ពីតួនាទីជានាយកប្រតិបត្តិពេញម៉ោងរបស់ក្រុមហ៊ុន Microsoft ហើយនៅតែបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកក៏បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក សាត់យ៉ា ណាដេឡា (Satya Nadella) ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនយក្សមួយនេះ បានមានប្រសាសន៍ថា «វាជាកិត្តិយសធំធេងណាស់ ដែលបានធ្វើការជាមួយ និងរៀនសូត្រពីលោក ប៊ីល ហ្គេតស៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។ ជាមួយគ្នានេះខាងក្រុមហ៊ុន Microsoft ក៏បានរាយការណ៍ឲ្យដឹងថា ជាមួយនឹងការចាកចេញរបស់លោក ប៊ីល ហ្គេតស៍ ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន ឥឡូវនេះវានឹងសល់សមាជិកតែ ១២ រូបប៉ុណ្ណោះ។

គួរជម្រាបថា ក្រៅពីលាឈប់ពីពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Microsoft ដែលជាជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយលើពិភពលោក លោក ប៊ីល ហ្គេតស៍ ក៏បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ប៊ឺកសាយអឺ ហត្ថាវេយ៍ (Berkshire Hathaway Inc) ដែលលោកបានបម្រើការងារតាំងពីឆ្នាំ ២០០៤ មកម៉្លេះនោះផងដែរ៕

Thursday, March 12, 2020

អ្នកនាំពាក្យចិន៖ «យោធាអាមេរិកប្រហែលជាអ្នកដែលបាននាំ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ចិន» (Video inside)

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា យោធាសហរដ្ឋអាមេរិកទំនងជាអ្នកដែលបាននាំវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ប្រទេសចិន ជាទីដែលបានទទួលរងការវាយប្រហារដំបូង និងខ្លាំងជាងគេបំផុតនៃវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចៅ លីចៀន (Zhao Lijian) បានលើកឡើងថា ប្រទេសអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះការចោទប្រកាន់របស់មន្ត្រីអាមេរិកដែលថា ខ្លួនមានភាពយឺតយ៉ាវក្នុងការឆ្លើយតបនឹងវីរុស ដែលត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩កន្លងទៅ និងពុំមានតម្លាភាពគ្រប់គ្រាន់ក្នុងរឿងនេះ។

កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត ប្រ៊ីយែន (Robert O’Brien) បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិន ចំពោះការផ្ទុះឡើងនៃវីរុស COVID-19 គឺមានភាពយឺតយ៉ាវដែលនាំឲ្យពិភពលោកខាតបង់ពេលពីរខែ សម្រាប់ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហានេះ។

ជាការឆ្លើយតប លោក Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានសរសេរលើទំព័រ Twitter របស់លោក ដោយបានសួរបកទៅកាន់សហរដ្ឋអាមេរិកត្រង់ៗវិញយ៉ាងដូច្នេះថា «តើអ្នកជំងឺសូន្យចាប់ផ្តើមនៅអាមេរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងរោគ? តើមន្ទីរពេទ្យដែលពួកគេ សម្រាកព្យាបាលមានឈ្មោះអ្វីខ្លះ? វាអាចជាកងទ័ពអាមេរិក ដែលជាអ្នកនាំវីរុសនេះមកកាន់ទីក្រុងវូហានក៏ថាបាន។ ចូរនិយាយឲ្យមានតម្លាភាព! ចូរផ្សព្វផ្សាយទិន្នន័យរបស់អ្នកជាសាធារណៈ! អាមេរិក គឺមិនទាន់ពន្យល់យើងអំពីរឿងនេះទេ»។

ទោះយ៉ាងណា លោក Zhao ដែលជាអ្នកចូលចិត្តប្រើបណ្តាញសង្គម Twitter មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការលើកឡើងរបស់លោកដែលថា យោធាអាមេរិកអាចនឹងត្រូវស្តីបន្ទោសចំពោះការផ្ទុះឡើងនៃវីរុស ក្នុងប្រទេសចិននោះទេ។ ជាមួយគ្នានេះ លោក ហ្គែង ហ្ស័ង (Geng Shuang) ដែលជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសចិន និងជាអ្នកនាំពាក្យផងដែរនោះ ក៏បានរិះគន់សហរដ្ឋអាមេរិកដែរថា «អសីលធម៌ និងគ្មានការទទួលខុសត្រូវ» ដែលបានស្តីបន្ទោសចិនចំពោះរឿងនេះ ហើយលោកក៏បានអំពាវនាវឲ្យមន្រ្តីអាមេរិកមួយចំនួន ដែលរវល់តែស្តីបន្ទោសចិន ឲ្យផ្តោតការយកចិត្តទុកដាក់ និងថាមពលរបស់ពួកគេ ទៅលើដំណោះស្រាយឆ្លងតបនឹងវីរុសនេះជាការល្អជាង៕

បុរសខ្លាំងហ្វីលីពីនប្រកាស «បិទរដ្ឋធានីម៉ានីលដែលមានប្រជាជន១២លាននាក់់» និងវិធានការផ្សេងទៀតដើម្បីទប់ស្កាត់ COVID-19

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសដាក់ចេញនូវផែនការមួយចំនួនក្នុងនោះរួមមានទាំង ការបិទរដ្ឋធានីម៉ានីល ដែលមានប្រជាជនរស់នៅ ១២លាននាក់ផងដែរ ជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីនតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឌូតើតេ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការបិទរដ្ឋធានី ហើយវាគ្រាន់តែជាវិធានាការបង្ការ និងការពារអ្នកទាំងអស់គ្នាពី COVID-19 ប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោក ឌូតើតេ ក៏បានប្រកាសដែរថា សាលារៀននឹងត្រូវបិទទ្វាររយៈពេលមួយខែ ហាមការប្រមូលផ្ដុំគ្នា រីឯជនបរទេសដែលមកពីតំបន់ ឬប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរក៏ត្រូវបានហាម ចូលមកក្នុងប្រទេសហ្វីលីពីនផងដែរ។

យ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការថា តើវិធានការខាងលើនឹងត្រូវចូលជាធរមាន នៅពេលណានោះទេ ប៉ុន្តែលោក ឌូតើតេ បានអះអាងថា ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោកនៅក្រៅទីក្រុងម៉ានីល នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បច្ចុប្បន្ន ហ្វីលីពីនមានចំនួនអ្នកឆ្លង COVID-19 សរុប៥២ករណី ក្នុងនោះអ្នកជំងឺ ០៥នាក់ស្លាប់៕

Man Utd យកឈ្នះក្រុម LASK ៥-០ ក្នុងពាន Europa League ជើងទី១ នៃវគ្គ ១៦ក្រុម (Video inside)

(អូទ្រីស)៖ ក្រុមអង់គ្លេស Manchester United បានបំបាក់ក្រុមម្ចាស់ផ្ទះអូទ្រីស LASK ក្នុងលទ្ធផល ៥-០ នៃការប្រកួតពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ក្នុងវគ្គ ១៦ក្រុម ជើងទី១ ដែលមានអ្នកទស្សនាប្រមាណតែ ៥០០នាក់ គ្រាដែលក្រុម Wolves បានត្រឹមស្មើ ១-១ ជាមួយក្រុម Olympiakos របស់ក្រិកដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ក្នុងជ័យជម្នះ ៥-០ របស់ក្រុមលោក Ole ធ្វើបានសម្រេចដោយខ្សែបម្រើចំណូលថ្មី Ighalo នៅនាទី២៨ ហើយក្នុងនោះមាន James រកបាននៅនាទី៥៨ រួមជាមួយខ្សែបម្រើ Juan Mata បន្ថែមនៅនាទី៨២ និង Greenwood រួមទាំងមិត្តរួមក្រុម Pereira រកបាននៅនាទី៩០+១ និងនាទី ៩០+៣ ដែលការប្រកួតមានត្រឹមតែ ៥០០នាក់ប៉ុណ្ណោះដែលចូលរូមទស្សនាក្នុងកីឡដ្ឋាន Linzer Stadion នៅប្រទេសអូទ្រីស។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Man Utd មានគ្រាប់បាល់ចំណេញក្រៅដីដល់ទៅ ៥គ្រាប់ក្នុងជើងទី១ ខណៈការប្រកួតជើងទី២ នៅទឹកដីអង់គ្លេសនៃកីឡដ្ឋាន Old Trafford នឹងធ្វើឡើងនាថ្ងៃទី២០ ខែមីនា សប្តាហ៍ក្រោយនេះ ហើយក្នុងនោះខ្សែបម្រើ Ighalo បាននឹងកំពុងតែរកបាន ៤គ្រាប់ ក្នុងចំណោម ៨ប្រកួតជាមួយក្លិបបិសាចក្រហម៕

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិលមកវិញ ដោយបង្ហាញខ្លួនតាមរយៈការប្រគំតន្រ្តី Cambodia Brew the Beat

(ភ្នំពេញ)៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលត្រៀមបង្ហាញខ្លួនលើឆាកតន្រ្តីស្រាបៀរ កម្ពុជា Cambodia Brew the Beat នៅលើទឹកដីខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះ ធានាថា នឹងធ្វើឱ្យហ្វេនៗជាច្រើនរំភើបសប្បាយរីករាយជាក់ជាមិនខានឡើយ ក្រោយអវត្តមានជាច្រើនខែកន្លងមក។

ក្រៅពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានវត្តមានតារាចម្រៀងជាអាយដលជាដៃគូ គឺ ឆន សុវណ្ណារាជ ដែលនឹងចូលរួមមកបង្រួនឆាកតន្រ្តី អមដោយកំពូលតារាល្បីៗជាច្រើនដួងទៀត ដូចជា សួស វីហ្សា នី រតនា ចំរើន សុភក្រ័ ប៉ាច គីមមួយ ឈិន ម៉ានិច្ច វង្ស តារារតនា កែវ សុបញ្ញា គង់ ចំរើន និងគឿ នភាល័យ ផងដែរ។

ដើម្បីធ្វើឱ្យការសម្តែងកាន់តែមានភាពអធិកអធម តំណាងក្រុមហ៊ុន ស្រាបៀរ កម្ពុជា សូមអញ្ជើញអ្នកខេត្តពោធិ៍សាត់ទាំងអស់ ចូលរួមទស្សនាផ្តល់ជាកម្លាំងចិត្ត ស្រែកហ៊ោ និងរាំលេងកម្សាន្តនៅទីតាំងប្រគំតន្រ្តីនៅពហុកីឡដ្ឋានខេត្ត ពីថ្ងៃទី១៣ដល់១៤ ខែមីនានេះ ចាប់ពីម៉ោង៦ល្ងាចតទៅ។

ទស្សនិកជននៅតាមគេហដ្ឋានក៏អាចទស្សនាកម្សាន្តតាមកញ្ចក់ទូរទស្សន៍ហង្សមាសបានដែរ ចាប់ពីម៉ោង៨យប់តទៅ៕

បុរសជនជាតិ​អុីតាលី​មួយ​រូប បាន​បំពាក់​ខ្លួន​ជាមួយ​នឹង​ឌីស​ដ៏ធំមួយ ដើម្បី​រក្សា​ការពារ​ខ្លួន​ពី​វីរុស​ជម្ងឺ​កូរ៉ូណា

(បរទេស)៖ បុរសម្នាក់បានបង្ហាញខ្លួននៅតំបន់ផ្សារ Testtacio ជាមួយនឹងការបំពាក់ថាសដ៏ធំមួយនៅជុំវិញចង្កេះរបស់គាត់ ដើម្បីធានាថាគាត់បានរក្សារយៈចម្ងាយ ...